News NEWS
សង្ឃនាយកតែងតាំងព្រះចៅអធិការវត្តស្រះចកថ្មី
Published by admin on July 22, 2010
ដោយ ដែន អយុធ្យា
2010-07-22
នៅថ្ងៃទី២១ ខែកក្កដានេះ គណៈសង្ឃបានតែងតាំងមន្ត្រីសង្ឃដឹកនាំវត្តស្រះចកជាថ្មី បន្ទាប់ពីអតីតសង្ឃអសីលធម៌ នេត ខៃ បានលួចថតរូបអាក្រាតរបស់ស្ត្រីរងគ្រោះងូតទឹកមន្ត ដែលទៅរកអតីតសង្ឃអង្គនេះឲ្យជួយស្រោចទឹក ហើយបានក្លាយជារឿងអាស្រូវរួចមក។
សង្ឃប្រកាសចុះថ្ងៃទី២០ ខែកក្កដា ឡាយព្រះហស្តលេខាដោយសម្តេចសង្ឃនាយកកម្ពុជា នន្ទ ង៉ែត បានប្រកាសតែងតាំងមន្ត្រីសង្ឃចំនួន ៥អង្គ ដើម្បីដឹកនាំវត្តស្រះចកបន្ត បន្ទាប់ពីមានរឿងអាស្រូវ។
ព្រះសង្ឃ ៥អង្គនោះរួមមាន សម្តេចព្រះឧត្តមចរិយា ឈឹម ប៊ុនឈា ជាព្រះចៅអធិការ ភិក្ខុ កាក់ ភឿត ជាគ្រូសូត្រស្កាំ និងភិក្ខុ អ៊ួន យ៉េង ជាគ្រូសូត្រឆ្វេង។ ភិក្ខុ យឹម សំបាន ជាព្រះវិន័យធម៌ និងភិក្ខុ វង្ស ភារៈ ជាលេខាធិការ។ បន្ទាប់ពីបានតែងតាំងមន្ត្រីសង្ឃបន្តដឹកនាំវត្តស្រះចក នៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ ក៏មានការប្រកាសឲ្យភិក្ខុសង្ឃចំនួន ៥០អង្គផ្សេងទៀត ចូលគង់នៅវត្តនេះវិញផងដែរ។
លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទៅឲ្យបញ្ឈប់ការចែកផ្សាយ និងត្រូវលុបចោលនូវរូបភាពអាសអាភាសទាំងនេះចេញពីទូរស័ព្ទដៃ ឬឧបករណ៍បច្ចេកទេសផ្សេងៗ ដើម្បីរក្សាកិត្តិយសស្ត្រី សាសនា និងកិត្តិយសប្រទេស បន្ទាប់ពីមានរឿងអាស្រូវអតីតសង្ឃ នេត ខៃ បានលួចថតរូបស្ត្រីងូតទឹកមន្តអាក្រាតកាយរួចមក។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ៖ «តាមពិតយើងថតទៅ យើងហាក់ដូចជាការលេងសើចសប្បាយ ប៉ុន្តែយើងគិតមើល៍ មានខ្លះជាម្ដាយគេ ខ្លះជាកូនក្រមុំគេ ជាអ្នករកស៊ី និយាយរួមជាខ្មែរដូចគ្នា ដូចជាបងជាប្អូនយើង ហើយសុទ្ធតែជាអ្នករងគ្រោះ។ អ៊ីចឹងកុំឲ្យគ្នារងគ្រោះពីរជាន់ បើមិនបានអីរក្សាសីលធម៌។ មិនខ្វះទេរូបផ្សេងនៅតាមអ៊ិនថឹណិតគគោក យើងទៅយករូបគ្នារងគ្រោះមកបញ្ចាំងមើលលេង ហើយវាក៏មិនបង្ហាញថា យើងមានសេចក្ដីថ្លៃថ្នូរអីក្នុងខ្លួនដែរ»។
វត្តស្រះចកស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាប់ខាងជើងវត្តភ្នំ។ វត្តនេះបានផ្ទុះរឿងអាស្រូវកាលពីខែមិថុនា កន្លងទៅ បន្ទាប់ពីអតីតសង្ឃ នេត ខៃ បានលួចថតរូបភាពអាក្រាតកាយ និងសកម្មភាពបែបអនាចាររបស់ស្រីវ័យក្មេងជាច្រើននាក់ ត្រូវបានគេផ្សព្វផ្សាយពីទូរស័ព្ទដៃមួយទៅទូរស័ព្ទមួយទៀត និងតាមឧបករណ៍បច្ចេកទេសអេឡិចត្រូនិកមួយចំនួនទៀតរួមមក។
អតីតសង្ឃ នេត ខៃ មានអាយុ ៣៧ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ផ្សឹក និងបញ្ជូនទៅកាន់ពន្ធនាគាររង់ចាំការកាត់ទោស បន្ទាប់ពីបានរកឃើញបទល្មើសលួចថតរូបអាក្រាតស្ត្រីច្រើននាក់ ដែលបានទៅឲ្យអតីតសង្ឃអង្គនេះស្រោចទឹកមន្ត ដោយបានលួចថតតាំងពីឆ្នាំ២០០៨ មកនោះ៕
Resource: http://www.rfa.org/khmer/news/new-monks-appointed-2lead-scandals-pagoda-pp-07212010235520.html
111 views
None

ខ្ញុំព្រះករុណា អាត្មាភាព មានកិត្តិយស សូមនិមន្តនិងអញ្ជើញ ព្រះករុណា ព្រះតេជព្រះគុណ និងញោមញាតិពុទ្ធបរិស័ទ ចូលរួម ចុះឈ្មោះជាសមាជិក របស់គេហទំព័រវត្តខ្មែរ ដើម្បីបានការ ចែករំលែក នូវចំណេះដឹងផ្សេង ៗ ជាពិសេស អំពីពុទ្ធឱវាទ ដ៏មានតម្លៃរកអ្វីផ្ទឹមគ្មាន ។ សូមអរព្រះគុណ សូមអរគុណ






Hosting your website on cheap price Web Hosting.
You must be logged in to post a comment.