News NEWS

សម្តេចព្រះមហាសង្ឃរាជ ចុះរៀបចំមន្ត្រីសង្ឃខេត្តព្រះវិហារ

Published by admin on July 20, 2010

កាលពីថ្ងៃទី ៦​ខែកក្កដា ឆ្នាំ ២០១០ វេលាម៉ោង ប្រាំបីគត់ នៅសាលប្រជុំ
សាលាខេត្តព្រះវិហារ មានបើកកិច្ចប្រជុំស្តីពីការ រៀបចំមន្រ្តីសង្ឃ ខេត្តព្រះវិហារ
ដែលមានព្រះមេគណ សហការីគណ និងមន្រ្តីសង្ឃមួយចំនួនទៀត ដែលនៅមិន ទាន់បានជ្រើសតាំង ដូចជាព្រះគ្រូអនុគណជាដើម ។

កិច្ចប្រជុំក្រោមអធិបតីភាព របស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី សម្តេចឧត្តមវង្សា មួង រ៉ា លេខាធិការថេរសភាសង្ឃ, ឯកឧត្តម ស សំអុល អភិបាលរងខេត្តព្រះវិហារ ទទួលបន្ទុកធម្មការនិងសាសនា, ព្រះឃោសបាល សៅ មុនី, ព្រះញាណវិជ្ជា ជួន សាវឿន, ព្រះគ្រូធម្មសត្ថាចារ្យ ឃិក សំណាង, ព្រះគ្រូបញ្ញានុរក្ខវង្សា ម៉ៅជី ចាន់ណា, មន្រ្តីសង្ឃខេត្តុ,ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក ហួម គា។

សម្តេចព្រះមហាសង្ឃរាជ ស្នើរឱ្យសាលាខេត្ត ក៏ដូចជាមន្ទីរធម្មការខេត្តជួយ ពិនិត្យនិងជ្រើសរើសបេក្ខភាពព្រះមេគណ សហការីគណ និងអនុគណ
ដែលមិនទាន់បានជ្រើសរើសនៅឡើយ ផងដែរសម្តេចមានរាជបន្ទូល ឱ្យមន្ត្រីសង្ឃ តាមបណ្តាស្រុករួបរួមសាមគ្គីគ្នា និងយកចិត្តទុកដាក់ ទទួលខុសត្រូវ ក្នុងការដឹកនាំព្រះពុទ្ធសាសនាដែល សាសនារបស់រដ្ឋឱ្យមានការរីកចំរើន អ្វីដែលសំខាន់នោះ គឺវត្តកែវសិក្ខាគីរីស្វារៈ មន្ត្រីសង្ឃត្រូវយកចិត្តទុកដាក់ថែរក្សា និងទំនុកបំរុងឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានោះផងដែរ សម្តេចបានឱ្យមន្ត្រី សង្ឃប្រកាន់ឱ្យបាននូវគោលការណ៍ធំៗបី គឺ ជួយទំនុកបំរុងចាស់ជរាចំនុះជើងវត្ត, ជនពិការ, និងកុមារមត្តេយ្យតូចៗដែល វត្តត្រូវមានកត្តព្វកិច្ច បង្កើតសាលាមត្តេយ្យ សម្រាប់ពួកគេ ។
ក្នុងកិច្ចប្រជុំនោះដែរ សម្តេចបានឱ្យសាលាខេត្ត មន្ទីរធម្មការខេត្ត និងមន្រ្តីសង្ឃខេត្ត ជួយរៀបចំឱ្យមានការបំបួសកុលបុត្រ កុលធីតាខ្មែរ នៅទីអាវាសវត្តកែវសិក្ខាគីរីស្វារៈ
ដើម្បីតមស្នងសងគុណដល់បុព្វការី មានមាតាបិតាជាដើម ។ ការបួសនោះមានទាំង ព្រះសង្ឃ និងសីលវន្ត សីលវតី ដែលមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ដែលបព្វជិតអាចបួសទាំងរយៈពេលខ្លី និងរយៈពេលយូរ អាចថានិងចាំព្រះវស្សា នៅទីនោះក៏បានដើម្បីជួយថែរក្សាវត្តកែវសិក្ខាគីរីស្វារៈ ដែលជាវត្តខ្មែរពិត។ អង្គប្រជុំបានសម្រេចយកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១០ ដើម្បីប្រារព្ធវិធីបំបួសនោះ ។

Readers Rating:
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...
Popularity:
69 views
Comments:
None
Toolbar:
Print This Post Print This Post add your comment add this to delicious add this to digg share this on facebook Stumble this item