General NEWS
ព្រះបត់បែប ព្រះពុទ្ធសាសនាខ្មែរ
Published by admin on July 5, 2010
ព្រះបត់បែបព្រះពុទ្ធសាសនា ខ្មែរគឺជាគំនូរពណ៌នៅលើ កំណាត់ដែលគេអាច មូរឬ លារបស់នោះ ដោយងាយ ស្រួលជាពិសេស ក្នុងការដឹកជញ្ជូនដើម្បី មូលហេតុសាសនា ដូចជាការទេសនាជាដើម ។ គំនូរទាំងនោះតំណាង ភាគខ្លះនៃខ្សែជីវិតអតីត ជាតិរបស់សម្មាសម្ពុទ្ធ ។ អាស្រ័យហេតុនេះ ហើយទើប យើងឃើញព្រះពុទ្ធ អង្គបរមគ្រូនៃយើងស្ថិត ក្នុងឥរិយាបថផ្សេងៗពីគ្នា តាំងពីការយាងទៅសាងព្រះភ្នួស រហូតដល់ចូលព្រះនិញ្វន ។
នៅពេលដែលមានបុណ្យទានប្រពៃណីទំនៀមទម្លាប់បែបព្រះពុទ្ធសាសនា ប្រជាជនខ្មែររមែងតែងតែយកគំនូរប្រជាប្រិយទាំងនោះមកលាតត្រដាង ហើយគេចង ឬព្យួរនៅលើជញ្ជាំង ឬរោងបុណ្យ ៘ គោលដៅដើមចម្បង និងដ៏ពិសិដ្ឋរបស់ព្រះបត់ គឺការចម្រើនភាវនា ឬកម្មដ្ឋានពីសំណាក់ពុទ្ធសាសនិកជនខ្មែរនៅតាមវត្តអារាម ។ បើនិយាយម្យ៉ាងទៀត តាមរយៈគំនូរស័ក្តិសិទ្ធិទាំងនោះ អ្នកបួសអាចនឹងឈានរកពុទ្ធិយ៉ាងឆាប់រហ័ស ពីព្រោះនៅក្នុងទស្សនៈបុរាណខ្មែរការឈានទៅរកការត្រាស់ដឹងមិនអាចនឹង សម្រេចទៅបាន បើសិនជាគ្មានគំនូរពិសិដ្ឋទាំងនោះទេ ដែលតំណាងឲ្យពាក្យប្រៀនប្រដៅ ព្រមទាំងវិធីសាស្ត្រសម្រាប់គោលដៅគឺព្រះនិញ្វន ។
ក្នុងន័យខាងលើនេះសូមបញ្ជាក់ទៀតថា សាសនិកជនខ្មែរចាត់ទុកគំនូរទាំងនោះ ជាសញ្ញានិមិត្តតំណាងឲ្យបុណ្យបារមីជ័យចេស្តារបស់ព្រះអង្គ ដែលបានផ្ចាញ់មារ ហើយទ្រង់សម្រេចនូវព្រះសម្មាសម្ពុទ្ធញាណយ៉ាងជ្រាលជ្រៅបំផុត ។ ចំពោះវិចិត្រករខ្មែរដែលផលិតគំនូរទាំងនោះ ពិតជាដើម្បីមូលហេតុសាសនាយ៉ាងប្រាកដ គឺសម្រាប់ជាកសិណក្នុងការចម្រើនធម៌ ឬដើម្បីជាជន្ទល់នៃការធ្វើសមាធិ ។ ដូច្នេះហើយបានជាពួកគេចាត់ទុកថា គំនូរទាំងនោះមានតម្លៃយ៉ាងឧត្តុងឧត្តមជាទីបំផុតគួរឲ្យគោរព សក្ការបូជា ។ នៅក្នុងសង្គមខ្មែរ នៅពេលមានបុណ្យទានម្តងៗ គេរមែងតែងតែយកព្រះបត់មកប្រើប្រាស់នៅតាមវត្តអារាម ក៏ដូចជានៅគេហដ្ឋាននានាដែរ ពីព្រោះគេមិនអាចរំលងបានឡើយ ។
ជាងខ្មែរគូរ ឬឆ្លាក់ជីវិតរបស់ព្រះពុទ្ធអង្គតាមលំនាំប្រពៃណីខ្មែរ ដោយយកគំនូរតាមច្បាប់ដើមដែលធ្លាប់មានតាំងពីបុរាណកាលមក ។ ក្នុងន័យនេះហើយបានជនជាតិខ្មែរជឿជាក់ថា គំនូរទាំងនោះអាចដេញខ្មោចព្រាយបិសាចចេញពីផ្ទះសម្បែង ហើយថែមទាំងនាំពួកគេឲ្យមានទឹកចិត្តជ្រះថ្លាល្អបរិសុទ្ធផង ពោលគឺធ្វើឲ្យពួកគេក្លាយទៅសភាវ:ល្អ គួរឲ្យញាតិញោមគោរពប្រណិប័តន៍ ។
ព្រះបត់គឺជាគំនូរបុរាណពិសិដ្ឋហើយស័ក្តិសិទ្ធិមាន សារសំខាន់ណាស់នៅក្នុងក្រសែភ្នែករបស់ជនជាតិខ្មែរ ដែលភាគច្រើនជាអ្នកស្រុកស្រែចម្ការ វាជាមរត៌កអរូបី ។ គំនូរទាំងនោះអាចធ្វើឲ្យយើងស្វែងយល់អំពីទស្សនវិជ្ជារបស់ប្រជាជន ខ្មែរ ។ គេគប្បីត្រូវតែការពារឲ្យបានគ្រប់គ្រាន់ទប់ស្កាត់ការលក់ដូរនៅលើ ទីផ្សារបើសិនជាយើងប្រាថ្នាប្រាប់មនុស្សខ្មែរពីឬសកែវ វប្បធម៌ដ៏ល្អប្រពៃណីរបស់ដូនតាខ្មែរ ។
ជាទីបញ្ចប់យើងអាចក្រើនរំលឹកថា សព្វថ្ងៃនេះឈ្មួញក្នុងស្រុក និងក្រៅស្រុកបាននិងកំពុងរំលំរំលាយស្ទើរតែអស់រលីងគ្មានសល់ នូវផ្ទាំងគំនូរបុរាណខ្មែរទាំងនោះ ហើយវាកំពុងស្ថិតនៅលើទីផ្សារសេរីនានា ។ នេះជាសកម្មភាពដ៏ចង្រៃកំពុងរាតត្បាតលើខឿនវប្បធម៌ជាតិខ្មែរយ៉ាង ឃោរឃៅ ឥតស្រាកស្រាន្តគួរឲ្យរន្ធត់ ៕

ខ្ញុំព្រះករុណា អាត្មាភាព មានកិត្តិយស សូមនិមន្តនិងអញ្ជើញ ព្រះករុណា ព្រះតេជព្រះគុណ និងញោមញាតិពុទ្ធបរិស័ទ ចូលរួម ចុះឈ្មោះជាសមាជិក របស់គេហទំព័រវត្តខ្មែរ ដើម្បីបានការ ចែករំលែក នូវចំណេះដឹងផ្សេង ៗ ជាពិសេស អំពីពុទ្ធឱវាទ ដ៏មានតម្លៃរកអ្វីផ្ទឹមគ្មាន ។ សូមអរព្រះគុណ សូមអរគុណ






Hosting your website on cheap price Web Hosting.
You must be logged in to post a comment.