Khmer Monk NEWS

ព្រះមហាសុមេធាធិបតី និល ទៀង

Published by admin on June 27, 2010

ព្រះមហាសុមេធាធិបតី និល ទៀង សម្តេចព្រះមហាសង្ឃរាជ​ គណៈមហានិកាយប្រសូត ព.ស​ ២៣៦៨/គ.ស១៨២៤ ទិវង្គត ព.ស ២៤៥៧/គ.ស​ ១៩១៣ ។

ព្រះរាជជីវប្រវត្តិ

សម្ដេចព្រះមហាសង្ឃរាជ និល ទៀង [អានថា៖ និល ទៀង] នៃគណៈមហានិកាយ (ប្រសូត ថ្ងៃសៅរ៍ ៧កើត ឆ្នាំវក ឆស័ក ព.ស.២៣៦៨/គ.ស.១៨២៤ សុគត ថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៤៥៧/២ តុលា គ.ស.១៩១៣) ជាសម្ដេចព្រះសង្ឃរាជ អង្គទី១ នៃគណៈមហានិកាយ នៃព្រះរាជអាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៤០១ ដល់ ព.ស.២៤៥៧ ក្នុងរជ្ជសម័យព្រះមហាក្ស័ត្រិយ៍៣ព្រះអង្គ គឺ ១.ព្រះបាទសម្ដេចព្រះ ហរិរក្សរាមាឥស្សរាធិបតីព្រះអង្គ ដួង ២. ព្រះបាទសម្ដេចព្រះ នរោត្ដម ៣. ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ។ព្រះអង្គជាបុត្រច្បង់ក្នុងគ្រួសារ ដែលមានបិតានាម និល និងមាតានាម ឡឹក

ក្នុងគ្រឹស្តសករាជ ១៨៣១ កាលនោះកុមារទៀង ទើបតែអាយុបាន៨ឆ្នាំ ទ័ពយួន និងសៀម បានពើបប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតំបន់កៀនស្វាយដើម្បីដណ្ដើមយកស្រុកខ្មែរ។ គ្រួសារសម្ដេចទៀងទាំងប៉ុន្មាន ត្រូវទ័ពសៀមចាប់កេណ្ឌកៀរយកទៅស្រុកសៀម ទុកធ្វើជាទាសាទាសី។ កុមារទៀង និងជីដូន ត្រូវគេបញ្ជូនឲ្យទៅរស់នៅឯទីក្រុងបាងកក។ នៅទីនោះកុមារទៀង បានជួបនឹងមាម្នាក់ឈ្មោះ ពៅ ជាអាមាត្យរបស់ព្រះបាទសម្ដេចព្រះ អង្គ ដួង កាលព្រះអង្គនៅជាព្រះអង្គម្ចាស់ដែលសៀមកេណ្ឌកៀរយកទៅធ្វើជាឈ្លើយដែរ។ ចំណែកគ្រួសារសម្ដេចមួយផ្នែកទៀត ត្រូវសៀមបញ្ជូនទុកឲ្យរស់នៅ ស្រុកមង្គលបុរី ក្នុងខេត្តបាត់ដំបង។

ព្រះអង្គមានព្រះជន្មបាន១១ឆ្នាំ ក្នុងឆ្នាំមមី ឆស័ក ព.ស.២៣៧៨ គ.ស.១៨៣៤ បានបំពេញផ្នួសជាសាមណេរ នាវត្តមួយនៅទីក្រុងបាងកក។ ព្រះជន្មបាន២១វស្សា ក្នុងឆ្នាំរោង ព.ស.២៣៨៨ គ.ស.១៨៤៤ សម្ដេចព្រះណាំងក្លាវ ព្រះចៅក្រុងសៀម ទ្រង់ព្រះរាជានុញ្ញាតឲ្យសាមណេរ ទៀង ចូលបំពេញឧបសម្បទា ក្នុងនាគខ្នានព្រះរាជទ្រព្យ នៅវត្តព្រះស្រីរតនសាស្ដាររាម គឺវត្តព្រះកែវមក៌ត ក្រុងបាងកក។ ព្រះជន្មបាន២៦វស្សា ក្នុងឆ្នាំរកា ឯកស័ក ពុទ្ធសករាជ ២៣៩៣ គ្រឹស្តសករាជ ១៨៤៩ ព្រះអង្គបានទៅថ្វាយព្រះពរលាសម្ដេចព្រះណាំងក្លាវ ត្រឡប់មកប្រទេសកម្ពុជាវិញ។ លុះមកដល់ប្រទេសកម្ពុជាហើយ ព្រះបាទហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គ ដួង ទ្រង់សូមនិមន្តឲ្យគង់នៅប្រទេសកម្ពុជា ហើយទ្រង់បានធ្វើព្រះរាជសុភអក្សរ ថ្វាយសម្ដេចព្រះន័ងក្លៅ ។

ព្រះរាជសមណសក្តិ

ព្រះជន្មបាន៣៤វស្សា ក្នុងឆ្នាំម្សាញ់ នពស័ក ព.ស.២៤០១ គ.ស.១៨៧៥ ព្រះបាទសម្ដេច ព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គ ដួង ទ្រង់បានលើកព្រះព្រហ្មមុនី និល ទៀង ឲ្យគ្រងទីសម្ដេចព្រះមហាសង្ឃរាជាក្រុងកម្ពុជា។ លុះរំលងពីនោះមកបានមួយឆ្នាំ ព.ស.២៤០២ គ.ស.១៨៥៨ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គ ដួង បានតាំងសម្ដេច ព្រះមហាសង្ឃរាជ និល ទៀង ជាស្ដេចសង្ឃពេញទី ហើយបានរៀបចំពិធីថ្វាយទឹកក្លស់ទឹកស័ង្ខ នៅក្រុងឧត្ដង្គមានជ័យ មានគោរម្យងារជា “សម្ដេចព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជាសង្ឃនាយកតិលកលោកាចរិយោត្ដម បរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិកវរោត្ដម បរមបពិត្រ ដ៏ជាអធិបតីព្ធដ៏គណសង្ឃក្នុង ក្រុងកម្ពុជា ជេដ្ឋារដ្ឋាមហាឥន្ទបត្តនគរបវរបូរីរម្យ ឧត្ដមរាជបនិជាមហា មគ្គនាយក” សម្រេចកិច្ចអស់ទ្រទ្រង់សង្ឃព្រះរាជាគណៈទាំង៤សម្រាប់។

ការចូលព្រះទិវង្គត

ព្រះជន្មបាន៩០វស្សាគត់ នៅក្នុងឆ្នាំឆ្លូវ ព្រះអង្គទ្រង់សោយទិវង្គត នៅថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៤៥៧ ត្រូវនឹងថ្ងៃទី២ ខែតុលា គ.ស.១៩១៣ វេលាម៉ោង១២និង៤០នាទីអាធ្រាត ដោយព្រះរោគជរាពាធ នៅព្រះរាជតំណាក់វត្តឧណ្ណាលោម ក្រុងភ្នំពេញ៕៚

Readers Rating:
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...
Popularity:
53 views
Comments:
None
Toolbar:
Print This Post Print This Post add your comment add this to delicious add this to digg share this on facebook Stumble this item