General NEWS
បុណ្យចូលព្រះវស្សា
Published by admin on July 4, 2010
ទិដ្ឋភាពទូទៅ
ក្នុងការចូលព្រះវស្សា របស់ព្រះភិក្ខុសង្ឃក្នុង ព្រះពុទ្ធសាសនា ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ បញ្ញត្តិ និងអនុញាតទុកនៅ ពុំមានពិធីអ្វីអមរួមផ្សំច្រើនទេ គឺកាលណាពេល វេលានៃការ ចូលព្រះវស្សា មកដល់ ព្រះភិក្ខុសង្ឃគ្រាន់ តែជួបជុំគ្នាក្នុងអាវាសវត្ត (ឧបោសថាគា) ហើយ អធិដ្ឋានបាលីចូលព្រះវស្សាជាការស្រេច ។ ដោយឡែកការចូលព្រះវស្សានៅប្រទេសកម្ពុជា មានការអមដោយកម្មវិធីមួយចំនួនផ្សេងទៀត ដូចជា ពិធីសិតទៀនព្រះវស្សា ការបរវណា ទៀនព្រះវស្សា និងសំពត់សាដក(សំពត់ងូតទឹកភ្លៀង) ព្រមទាំងការបវរណាបច្ច័យបួន ដល់ ភិក្ខុសង្ឃសម្រាប់ត្រៀមសម្រាប់ការប្រើប្រាស់ របស់ព្រះសង្ឃក្នុងរដូវចាំព្រះវស្សាជាដើម ។
រៀងរាល់ឆ្នាំនៅប្រទេសកម្ពុជា ពេលបុណ្យចូលព្រះវស្សាជិតចូលមកដល់ ពុទ្ធសាសនាខ្មែរ តែងតែនាំយកទៀនព្រះវស្សាមានតូច មានធំ និងសំពត់សាដក ព្រមទាំងបច្ច័យបួន ទៅ ប្រគេនព្រះសង្ឃសម្រាប់ចាំព្រះវស្សា ព្រោះថាព្រះសង្ឃដែលបានបវរណាចូលព្រះ វស្សាហើយពុំអាននិមន្តត្រាច់ចរទៅទីឆ្ងាយ ដើម្បីបិណ្ឌបាត្របានទេ ។ ម្យ៉ាងវិញទៀតចំពោះ សមណសិស្ស ដែលស្នាក់នៅរៀនសូត្រឆ្ងាយ ស្រុកកំណើត ត្រូវបានអនុញាតិឱ្យឈប់សំរាកចំនួន ពីរសប្តាហ៍ដើម្បីសួរសុខទុក្ខញោមញាតិនៅ ស្រុកកំណើត និងបិណ្ឌបាត្របច្ច័យបួនសម្រាប់ត្រៀមចូល ព្រះវស្សាផងដែរ ។
លុះដល់ថ្ងៃ១៥កើត ខែអាសាឍ មុនថ្ងៃចូលព្រះវស្សាមួយថ្ងៃ ពុទ្ធបរិស័ទតែង ជួបជុំគ្នានៅ វត្ត ដើម្បីហែទៀនព្រះវស្សា សាដក គ្រឿងបរិក្ខា និងគ្រឿងសក្ការៈប្រទក្សិណ ព្រះវិហារ បន្ទាប់មកនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងវេរទៀនព្រះវស្សា និងបរិក្ខាផ្សេងៗដល់ព្រះ សង្ឃ លុះព្រឹកឡើងមានពិធីវេរភក្តាហារដល់ព្រះសង្ឃ ទៀត។ លុះដល់ថ្ងៃ ១រោច ខែអាសាឍ ព្រះភិក្ខុសង្ឃជួបជុំគ្នានៅរោងឧបោសថ បន្ទាប់មកព្រះមហាថេរ មានប្រកាសអំពីការ ចូលព្រះវស្សា និងធ្វើការក្រើនរំលឹកអំពីវិន័យដែលទាក់ទងនឹង ការចាំព្រះវស្សា ដល់ព្រះសង្ឃគ្រប់ព្រះអង្គបាន ជ្រាប បន្ទាប់មកព្រះភិក្ខុសង្ឃ ធ្វើការនមស្សការចំពោះ ព្រះរតនត្រ័យ លុះរួចរាល់ហើយ ព្រះសង្ឃក៏អធិដ្ឋាន បាលីចូលព្រះវស្សាថា “ឥមស្មឹ អាវាសេឥមំ តេមាសំ វស្សំ ឧបេមិ ។ទុតិយម្បិ ឥមស្មឹ …………វស្សំ ឧបេមិ ។ តតិយម្បិ ឥមស្មឹ ……………វស្សំ ឧបេមិ ” ៕ ដែលមានន័យថា «ខ្ញុំព្រះករុណា សូមនៅចាំព្រះវស្សា អស់បីនៃខែក្នុងអាវាសនេះ ជាវារៈពីរដងផង និងជាវារៈបីដងផង» ជាកិច្ចបញ្ចប់នៃពិធីចូលព្រះវស្សា ។
បុព្វហេតុនៃការចូលព្រះវស្សា
សម័យនោះ ព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ គ្រានោះឯង ព្រះអង្គ មិនទាន់បានបញ្ញត្ត និងអនុញាត នៃការចាំព្រះវស្សានៅឡើយទេ ។ ភិក្ខុនាសម័យនោះក៏ ចេញដើរទៅកាន់ទីគោចរ ផ្សេងៗអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ។ មនុស្សទាំងឡាយមានពួកពាហរិសាសនាជាដើម(អ្នកកាន់សាសនាដទៃ) ក៏ពោលទោស តិះដៀលបន្តុះបង្អាប់ថា ពួកសមណៈជាសាក្យបុត្តមិនសមបើនឹងដើរ (ខុសរដូវកាល) ជាន់ស្មៅស្រស់ ជាន់សត្វល្អិតៗឱ្យវិនាសសោះ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃ ជាអ្នកពោលធម៌ អាក្រក់ក៏គង់នឹងសំងំឈប់សម្រាកចាំវស្សា ឬសូម្បីពួកសត្វស្លាបទៀតសោត ក៏គង់តែធ្វើសំបុកលើចុងឈើហើយសំងំឈប់ សំរាកចាំវស្សាដែរ ។ ពេលមនុស្សទាំងឡាយនោះ កំពុងលើកទោស បែបនោះ ពួកភិក្ខុសង្ឃក៏បានឮច្បាស់ នឹងត្រចៀកផ្ទាល់ ហើយក៏នាំសេចក្តីនោះ ទៅក្រាបបង្គំទូលថ្វាយដល់ព្រះសម្ពុទ្ធ ។ ព្រះសាស្តាទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំង ឡាយមកអនុញ្ញាតថា«អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុំ»មានន័យថា ម្នាល់ភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុចូលព្រះវស្សា ។
អត្ថប្រយោជន៍នៃការចូលព្រះវស្សា
ថេរវេលានៃការចាំព្រះវស្សាបីខែនេះ ជារយៈពេលមួយមានតម្លៃពិសេសណាស់សម្រាប់ព្រះ សង្ឃព្រះពុទ្ធសាសនា ។ កាលមុនថ្ងៃចូលព្រះវស្សា ព្រះសង្ឃតែងចេញគោចរទៅទីផ្សេងៗ ដើម្បីផ្សាយ សាសនា ឬសិក្សារៀនសូត្រនៅទីក្រៅអាវាស មានការប្រតិបត្តិវិបស្សនាធុរៈ ក្នុងព្រៃជ្រៅជាដើម តែកាលបើដល់ថ្ងៃចូលព្រះវស្សាហើយ ព្រះសង្ឃទាំងនោះត្រឡប់មក វត្តអារាមវិញ ។ ការជួបជុំរបស់ព្រះសង្ឃដែលនិមន្តមកពីកន្លែងផ្សេងគ្នា តែងនាំមកនូវបទ ពិសោធន៍ និងចំណេះដឹងផ្សេងៗគ្នា ពេលនោះព្រះអង្គអាចចែករំលែកនិងបង្រៀន នូវចំណេះដឹងទាំងនោះដល់ព្រះភិក្ខុផងគ្នា ដែលមានចំណេះវិជ្ជា តិចតួចជាង ។ មិនត្រឹមតែ ប៉ុណ្ណោះការចូលព្រះវស្សា ជាពេលវាលាតឹងរឹងក្នុងការប្រតិបត្តិរបស់ព្រះសង្ឃ មានន័យថា ព្រះអង្គព្យាយាមបំពេញទាំងវិបស្សនាធុរៈ ទាំងគន្ថធុរៈ ឱ្យកាន់តែក្លាជាងពេលណាៗទាំងអស់ ដើម្បីសន្សំផល្លាអានិសង្ស សំរាប់ខ្លួនផង និងសម្រាប់ជីវិតដែលរស់នៅក្នុងលោកនេះ ផង ៕ ៚
ឯកសារយោង៖ សៀវភៅកម្ពុជសុរិយា ទំព័៤៣ បោះពុម្ពឆ្នាំទី៤៩ លេខ២ ខែមេសា-ឧសភា- មិថុនា ពុទ្ធសករាជ២៥៣៩ គ្រឹស្តសករាជ១៩៩៥ ។

ខ្ញុំព្រះករុណា អាត្មាភាព មានកិត្តិយស សូមនិមន្តនិងអញ្ជើញ ព្រះករុណា ព្រះតេជព្រះគុណ និងញោមញាតិពុទ្ធបរិស័ទ ចូលរួម ចុះឈ្មោះជាសមាជិក របស់គេហទំព័រវត្តខ្មែរ ដើម្បីបានការ ចែករំលែក នូវចំណេះដឹងផ្សេង ៗ ជាពិសេស អំពីពុទ្ធឱវាទ ដ៏មានតម្លៃរកអ្វីផ្ទឹមគ្មាន ។ សូមអរព្រះគុណ សូមអរគុណ






Hosting your website on cheap price Web Hosting.
You must be logged in to post a comment.