Dharma NEWS
តេមិយជាតកទី១ (នេក្ខម្មបារមី)
Published by admin on July 4, 2010
ដោយព្រះព្រះវិន័យកោសល ឌឹម សារ៉ុម
ក្នុងកាលកន្លងទៅហើយ ព្រះពោធិសត្វបានចុះមកចាប់បដិសន្ធិក្នុងផ្ទៃនៃ ព្រះនាងចន្ទា ជាស្រ្តីរក្សាឧបោសថសីល ហើយជាព្រះរាជធីតានៃព្រះបាទ មទ្ទរាជ ជាអគ្គមហេសីនៃព្រះបាទកាសិករាជសោយរាជ្យក្នុងនគរ ពារាណសី ។ ថ្ងៃដែលព្រះពោធិសត្វប្រសូត មានភ្លៀងជោគជាំពេញដែនកាសី ហាក់ដូចជាធ្វើ ហ្ឫទ័យនៃមហាជនក្នុងប្រទេសឲ្យទទឹកគ្រប់គ្នា ព្រោះហេតុនោះ ព្រះរាជាប្រទាន ព្រះនាមឲ្យបុត្រនោះថា “តេមិយ”។
កាលព្រះពោធិសត្វព្រះជន្មបាន១ខែ បានឃើញ ព្រះបិតាកាត់ទោសចោរ ៤នាក់ ដោយចោរម្នាក់ត្រូវវាយ រំពាត់ផ្ដៅមួយពាន់ខ្វាប់ ចោរម្នាក់ត្រូវចងច្រវាក់ ដាក់ក្នុងពន្ធនាគារ ចោរម្នាក់ត្រូវចាក់សម្លាប់ដោយលំពែង និង ចោរម្នាក់ទៀត ត្រូវដោតឆ្កាងដោយដែកស្រួច។
ទ្រង់មានព្រះទ័យតក់ស្លុតភិតភ័យគិតថា ឱព្រះបិតា! ទ្រង់ធ្វើអំពើសម្រាប់ ទៅនរកហើយតើ។ ទ្រង់ដឹង ដោយតិស្សរញ្ញាណអំពីអតីតជាតិដែលធ្លាប់បានជា ស្ដេចសោយរាជ្យនៅនគរនេះអស់២០ឆ្នាំ។ ដោយទោសនៃការសោយរាជ្យបានទៅរងទុក្ខក្នុងឧស្សុទនរក៨០.០០០ឆ្នាំ។ ទ្រង់ជ្រាបដូច្នេះក៏រឹតតែភ័យព្រួយយ៉ាង ខ្លាំង ទើបទេវតាដែលធ្លាប់ជាមាតាព្រះអង្គពីជាតិមុន ថ្វាយយោបល់ថា អ្នកកុំ ប្រកាសនូវភាពចេះដឹង គឺថាត្រូវធ្វើជាខ្វិន ថ្លង់ និងគ ហើយអ្នកដទៃមើលងាយ អ្នកយ៉ាងណាក៏ដោយចុះ សេចក្តីចម្រើននឹងមានដល់អ្នកដោយវិធីយ៉ាងនេះ។
ចាប់ពីថ្ងៃនោះមក ទោះបីជាក្មេងៗ៥០០ ជាបរិវារយំស្រែកទារទឹកដោះ យ៉ាងណាក៏ដោយ ចំណែកឯមហាបុរសនៅស្ងៀមមិនចេះមាត់កទារអ្វីឡើយ មេ ដោះដាក់ត្រង់ណា នៅត្រង់នោះ។ ព្រះបិតាជ្រាបហេតុនោះ ក៏ឲ្យ ពួកព្រាហ្មណ៍ ព្រឹទ្ធ បណ្ឌិត និងអ្នកប្រាជ្ញ ពិនិត្យនូវ រូបរាងកាយរបស់ព្រះពោធិសត្វ។ ជនទាំងនោះយល់ថា រាងកាយនេះមិនសមជាមនុស្សខ្វិន គ និងថ្លង់ទេ ប្រាកដជាមាន ហេតុដទៃហើយ ទើបបានជាយ៉ាងនេះ។
ព្រះពោធិសត្វទ្រង់ធ្វើអាការៈយ៉ាងនេះ អស់រយៈពេល១ឆ្នាំ ទោះបីជាគេ ពិសោធយ៉ាងណាក៏នៅដដែល ។ តមកទៀតព្រះបិតាក៏ឲ្យគេពិសោធព្រះពោធិ- សត្វ ដោយហេតុ១៦ប្រការ គឺឆ្នាំទី១ ពិសោធដោយឲ្យនំចំណី ឆ្នាំទី ២ ដោយឲ្យផលានុផល ឆ្នាំទី៣ ដោយគ្រឿងកីឡា ឆ្នាំទី៤ ដោយភោជន ឆ្នាំទី៥ ដោយភ្លើង ឆ្នាំទី៦ ដោយដំរីចុះប្រេង ឆ្នាំទី៧ ដោយពស់ ឆ្នាំទី៨ ដោយមហោស្រព ឆ្នាំទី៩ ដោយគ្រឿងអាវុធ ឆ្នាំទី១០ ដោយសូរសព្ទត្រែស័ង្ខ ឆ្នាំទី១១ ដោយសូរសព្ទស្គរ ឆ្នាំទី១២ ដោយពន្លឺ ភ្លើងប្រទីប ឆ្នាំទី១៣ ដោយរុយ ឆ្នាំទី១៤ ដោយគ្រឿងសម្អុយ ឆ្នាំទី១៥ ដោយដុតភ្លើងឆ្អើរ ឆ្នាំទី១៦ ដោយមាតុគ្រាម ដែលព្រះពោធិសត្វមានព្រះជន្ម១៦ ឆ្នាំពេញ វ័យល្មម។
ការពិសោធទាំង១៦ បែបក្នុងមួយបែបៗ ធ្វើអស់រយៈកាល១ឆ្នាំៗ ដោយ ល្បិចផ្សេងៗយ៉ាងណាក៏ដោយ ក៏ព្រះពោធិសត្វនៅតែធ្វើអាការៈដដែល។ក្រោយ មកពួកព្រាហ្មណ៍បណ្ឌិតទាំងនោះ ដោយអន់ចិត្តចំពោះព្រះបាទកាសិករាជ ដែលបានស្ដីថា ឲ្យពីរឿងទាយលក្ខណៈព្រះពោធិសត្វថាល្អ តែបែរជាអាក្រក់ ក៏ចាក់បណ្ដោយថា ព្រះពោធិសត្វ ជាកាឡកិណី ដូច្នេះបើទុកឲ្យនៅក្នុងព្រះរាជដំណាក់នេះ នឹងមានសេចក្តី អន្តរាយដល់ព្រះអង្គ ដល់ស្វេតច្ឆត្រ ឬក៏ដល់ ព្រះអគ្គមហេសី ដូច្នេះគួរឲ្យនាយសារថីនាំព្រះរាជកុមារដោយសេះអពមង្គល ចេញតាមទ្វារខាងលិច ទៅជីកដីកប់សម្លាប់ចោលឯព្រៃខ្មោចទៅ។ ព្រះរាជា ក៏ យល់ព្រម តែព្រះនាងចន្ទាទេវីស្ទុះមកទ្រង់ព្រះកន្សែងអង្វរករថា សូមឲ្យព្រះរាជ កុមារសោយរាជ្យ តែទ្រង់មិនយល់ព្រម សូមរហូតឲ្យបានត្រឹមតែ៧ថ្ងៃ ទើបទ្រង់ ក៏យល់ព្រម។
លុះដល់ថ្ងៃទី៨ ព្រះនរបតីកាសិករាជត្រាស់ឲ្យ សុនន្ទសារថីនាំរាជកុមារ ទៅកប់សម្លាប់ ។ នាយសារថី ធ្វើតាមព្រះរាជបញ្ជា តែដោយអានុភាពរាជកុមារ ទេវតា ក៏បង្វែងឲ្យទឹមសេះមង្គលនាំចេញទៅតាមទិសទ្វារខាងកើតវិញ។ ចេញពី នគរ៣យោជន៍ដល់ព្រៃស្នាប់មួយ សារថីស្មានតែព្រៃខ្មោចក៏បញ្ឈប់រថ ហើយ ដោះគ្រឿងអម្ពរពីខ្លួនព្រះរាជកុមារវិចខ្ចប់ទុក ទាញចបជីករណ្ដៅជាបួនជ្រុង។
លំដាប់នោះ មហាបុរសគិតថាកាលនេះជាកាលគួរអាត្មាព្យាយាមហើយ ក៏ក្រោកធ្វើឥរិយាបថ ឃើញហើយថាស្រួលដូចមនុស្សធម្មតាមានកម្លាំង អាច ដើរមួយថ្ងៃបានមួយយោជន៍ ហើយក៏ចាប់ទីបំផុតរទេះគ្រវីវិលខ្ញាល់ ដូចជាគេ គ្រវីកូនរទេះសម្រាប់ក្មេងលេង ហើយទ្រង់មានបំណងចង់ទ្រង់គ្រឿងស្អិតស្អាងកាយ ព្រះឥន្ទក៏ឲ្យវិស្សកម្មទេវបុត្រនាំមកថ្វាយដូចបំណង។ ទ្រង់ក៏ដើរទៅជិត នាយសារថីសួរថា អ្នកជីករណ្ដៅដើម្បីអ្វី? នាយសារថី ឆ្លើយដោយមិនបាន បែរមើលថា ជីកកប់ព្រះរាជកុមារ ទើបព្រះរាជកុមារបំភ្លឺសេចក្តីទាំងនោះ ដល់ នាយសារថី នាយសារថីជ្រាបហើយ ក៏យាងព្រះរាជកុមារទៅនគរវិញ តែទ្រង់ មិនព្រម ហើយពន្យល់សារថីថា យើងដែលធ្វើយ៉ាងនេះក៏ព្រោះតែចង់គេចពីការ សោយរាជ្យ ដើម្បីចេញមកបួសប៉ុណ្ណោះ ដូច្នេះចូរឯងទៅវិញប្រាប់មាតាបិតា យើងផង ។ បន្ទាប់មកទ្រង់ក៏បួសជាឥសីក្នុងខណៈនោះ នាយសារថីក៏ថ្វាយ បង្គំលាទៅព្រះនគរវិញ ទើបប្រាប់សេចក្ដីគ្រប់បែបយ៉ាងដល់ព្រះបាទកាសិករាជ និងព្រះនាងចន្ទា ។ ក្សត្រទាំងពីរអង្គមានសេចក្តីត្រេកអរជាខ្លាំង ឲ្យគេរៀបចំដំណើរទៅកាន់សំណាក់រាជបុត្រទាំងអស់គ្នា ។ ពេលស្ដេចទ្រង់យាងដល់ព្រះពោធិសត្វទ្រង់ ក្រោកធ្វើបដិសណ្ឋារដ៏រួសរាយ ថ្វាយនូវព្រះឧណ្ហោទក ជារបស់អ្នកបួសឲ្យទ្រង់សោយ តែព្រះរាជាមិនសោយ ហើយទ្រង់មានបន្ទូលថា បុត្រនៅក្មេងអីចឹង ចូរសឹកហើយទៅសោយរាជ្យជំនួសបិតាវិញ ទើបប្រសើរ។ ព្រះពោធិសត្វស្ដាប់នូវពាក្យនេះហើយ ទើបទូលថាមនុស្សកំលោះគួរតែប្រព្រឹត្ត ព្រហ្មចរិយធម៌ ព្រោះថា បព្វជារបស់មនុស្សកំលោះ ពួកឥសីតែងសរសើរ ដូច្នេះ អាត្មាត្រូវតែ ប្រព្រឹត្តធម៌ មិនត្រូវការរាជ្យសម្បត្តិទេ។ បពិត្រមាតាបិតា តើនរណា ទុកចិត្តក្នុងជីវិតនោះថាអាត្មានៅក្មេងមិនស្លាប់ ទេនោះ ដូច្នេះបាន ព្រោះមនុស្សតែងតែកើត ចាស់ ឈឺ និងស្លាប់ មិនថាចាស់ ឬក្មេងទេ គឺវាមិនទៀងទាត់ដូចគ្នា ហើយលោកបានលើកហេតុផល ពន្យល់ប្រៀបធៀបជាច្រើន ឲ្យព្រះមាតាបិតា បានយល់។ ក្រោយពីបានស្ដាប់ យល់ចូលចិត្តហើយ ព្រះបាទកាសិករាជ និង ព្រះនាងចន្ទាទេវី ព្រមទាំងស្រីស្នំ១៦.០០០នាក់ ហើយនិងពួករាជ បរិពារមាន អាមាត្រជាដើម ក៏សព្វព្រះទ័យបួសទាំងអស់គ្នាដែរ។ ក្រោយមកមានពល និង ស្ដេចបីប្រទេសទៀត បានស្ដាប់ឱវាទព្រះពោធិសត្វហើយ ក៏សូមបួសទាំងអស់ គ្នា។ ជាបរិយោសាននៃជីវិតផ្នួសនេះ ក៏បានទៅកើត ក្នុងព្រហ្មលោកគ្រប់ៗគ្នាហោង។
លុះសជាតិ ទេវតារក្សាស្វេតច្ឆត្រ គឺនាងឧប្បល វណ្ណាថេរី នាយសារថី គឺព្រះសារីបុត្រ ព្រះឥន្ទ គឺជាព្រះអនុរុទ្ធ ព្រះមាតាបិតា គឺជាព្រះមហារាជត្រកូល ឯតេមិយក្នុងកាលនោះ គឺជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៃយើង៕
បុរស កាលជាប់នៅក្នុងគុក អស់កាលយូរ ត្រូវសេចក្ដីទុក្ខបៀតបៀនហើយ រមែងមិនញ៉ាំងសេចក្ដីត្រេកអរឲ្យកើត ឡើងក្នុងគុកនោះទេ រមែងស្វែងរកការ រួចចាកទុកនោះ យ៉ាងណា អ្នកចូរឃើញនូវភពទាំងអស់ដូចជាគុកចុះ ចូរ បែរមុខទៅរកនេក្ខម្ម ដើម្បីរួចចាកភព ក៏យ៉ាងនោះដែរ៕៚

ខ្ញុំព្រះករុណា អាត្មាភាព មានកិត្តិយស សូមនិមន្តនិងអញ្ជើញ ព្រះករុណា ព្រះតេជព្រះគុណ និងញោមញាតិពុទ្ធបរិស័ទ ចូលរួម ចុះឈ្មោះជាសមាជិក របស់គេហទំព័រវត្តខ្មែរ ដើម្បីបានការ ចែករំលែក នូវចំណេះដឹងផ្សេង ៗ ជាពិសេស អំពីពុទ្ធឱវាទ ដ៏មានតម្លៃរកអ្វីផ្ទឹមគ្មាន ។ សូមអរព្រះគុណ សូមអរគុណ






Hosting your website on cheap price Web Hosting.
You must be logged in to post a comment.