General NEWS
អំពីទៀនព្រះវស្សា
Published by admin on July 4, 2010
ទៀនវស្សានេះ ឧបាសក ឧបាសិកា ធ្វើដើម្បី ព្រះសង្ឃអុជ ថ្វាយ ព្រះរតនត្រ័យ អស់បីខែ ទៀនវស្សានេះមាន ទទឹងមាត់មួយតឹក និងកំពស់ពីរហត្ថ ធ្វើដោយក្រមួនឃ្មុំ ឬក្រមួនចំបក់ នៅ គល់ទៀនខាងក្រោមមាន ជើងទ្រ ធ្វើដោយឈើមានក្បាច់ ត្របកឈូក តែនៅមាត់ខាងលើ គេច្រើនធ្វើឡតដែកចាក់ប្រេងដូង ឬប្រេងសណ្តែក ដាក់ប្រឆេះអុជ គឺមិនអុជទៀនផ្ទាល់ទេ ព្រោះក្រែង ទៀននោះឆេះឆាបអស់មុនពេលចេញព្រះវស្សា ។ អ្នកខ្លះយកផ្កាមាស ធ្វើដោយស្ពាន់ក្រាប់ ទៅបិទជាលម្អលើតួទៀនក៏មាន ។ របៀបធ្វើទៀនវស្សានេះ មានរចនាច្រើនបែបណាស់ តាមការនិយមរបស់អ្នកស្រុក ។ បច្ចុប្បន្នគេនិយមប្រើទៀនក្រមួនលាយ ឬក៏ប្រើ ចង្កៀងប្រេងកាត សំរាប់អុជថ្វាយព្រះរតនត្រ័យ គឺមិនសិតទៀនដោយក្រមួនឃ្មុំសុទ្ធទៀត ទេ ព្រោះវារកបានដោយកម្ររ ។ ហើយការអុជទៀនវស្សានេះ គឺអុជរហូតក្នុងរយៈពេល ៣ខែមិនឱ្យរលត់ក្នុង ខណៈពេលណាមួយឡើយ ។
ទំនៀមទំលាប់ធ្វើទៀនវស្សាបូជាព្រះ ក្នុងពេលចូលព្រះវស្សានេះ ពុំមាននិយាយក្នុង គម្ពីរព្រះពុទ្ធសាសនា (ព្រះត្រៃបិដក) ទេ ប៉ុន្តែមាននិយាយនៅក្នុងសាស្រ្តាអានិសង្សទៀនវស្សា ដែលខ្មែរយើងនិយមសំដែងនៅពេល ចូលព្រះវស្សានេះឯង ។ គម្ពីរនេះពុំមានដាក់ឈ្មោះ អ្នកតែង ហើយមិនដឹងជាតែងក្នុងរាជ្យណាដែរ ។ ឯសេចក្តីក្នុងសាស្រ្តានេះ ដំណាលថា កាលព្រះសម្មាសម្ពុទ្ធទ្រង់គង់ធរមាននៅ ឡើយ មានបុរសកំសត់ម្នាក់ រកស៊ីកាប់អុសជាមុខរបរប្រចាំថ្ងៃ ។ គាត់តែងសង្កេតឃើញខ្លាឃ្មុំ មួយធំ លោតចេញពីរូងថ្មមួយរៀងរាល់ថ្ងៃ ។ ពេលដែលខ្លាឃ្មុំនោះលោតចេញផុតទៅ គាត់ ក៏ដើរទៅមើល ហើយឃើញសុទ្ធតែអាចម៍ខ្លាឃ្មុំ ហើយក៏វេចយកមកបង្ហាញ អ្នកជិតខាងឱ្យជួយមើល ។ អ្នកជិតខាងប្រាប់ថា « អាចម៍ខ្លាឃ្មុំនេះ គេតែងយកមកស្ងោរធ្វើ ក្រមួន ធ្វើទៀនអុច ចូរអ្នកទៅ យកឱ្យច្រើនមក »។ បុរសកំសត់នោះនឹកគិតថា « ចុះបើអាចម៍ខ្លាឃ្មុំនេះ គេអាចយកមកធ្វើជាទៀនអុជបាន តើគេអាចយកទៀននោះ ទៅអុជជាគ្រឿងសក្ការបូជាចំពោះ ព្រះពុទ្ធអង្គបានឬទេ ?» ឬមួយ ជាការមិនគួរគប្បី ព្រោះទៀននេះធ្វើអំពីសំណល់មិនស្អាត(អាចម៍) បែបនេះ ? ពេលដែលបុរសនោះកំពុងនឹក សង្ស័យ មិនដាច់ស្រេចក្នុងចិត្តបែបនេះ ស្រាប់តែឃើញព្រះមហា រោហន្ទ ត្ថេរ និមន្តមកដល់ ក៏ទូលសួរលោកតាមដំណើរ ។ ព្រះមហារោហន្ទត្ថេរមានពុទ្ធដីកាថា « ជាការប្រសើរណាស់» ។ លុះបុរសនោះធ្វើបានជាទៀនច្រើនហើយ ក៏នាំយកទៅថ្វាយព្រះ មានបុណ្យ ។ ព្រះមហារោហន្ទត្ថេរដែលជាអ្នកដឹកនាំទៅនោះ បានទួលព្រះអង្គថា « បពិត្រព្រះអង្គដ៏ចំរើន បុរសនោះបានទៅយកអាចម៍ខ្លាឃ្មុំមកស្ងោរយកក្រមួន លញ់ជា ទៀនយកមកអុជបូជាព្រះអង្គ ហើយសង្ស័យថា ក្រែងពុំបានផលានិសង្សអ្វីទេដឹង ទើបខ្ញុំ ព្រះអង្គនាំគាត់ចូលមកនេះ » ។ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា « ម្នាលអាវុសោអើយ! បុរស នេះនឹងត្រូវបានទទួលផលានិសង្សច្រើនប្រការ ប្រាថ្នាអ្វីសឹងបានដូចបំណងទាំងអស់ » ។ បុរសនោះស្តាប់ហើយត្រេកអរក្រៃលែង ។
នៅពេលដែលបុរសយកទៀនទៅថ្វាយព្រះពុទ្ធអង្គនោះ អានិសង្សបុណ្យកុសលនេះបាន បណ្តាលឱ្យក្តៅក្រហាយដល់ព្រះឥន្រ្ទាធិរាជ ។ ព្រះឥន្រ្ទាធិរាជទ្រង់បើកទិព្វចក្ខុមើលមក ឃើញបុរសកំសត់កំពុងប្រាថ្នាកុំឱ្យក្រលំបាកនិងកុំឱ្យកំព្រីកំព្រា ដូចជាតិនេះទៀត ក៏ប្រើ ព្រះវិស្សកម្មទេវបុត្រឱ្យទៅជប់ជាប្រាសាទមាស ប្រាសាទប្រាក់ ឃ្លាំងមាស ឃ្លាំងប្រាក់ ព្រមទាំងសួនប្រកបដោយដើមឈើពេញទៅដោយផ្កាផ្លែគ្រប់ពណ៌យ៉ាងល្អ មានទាំងអ្នក គាល់បំរើច្រើនត្រៀបត្រា ពុំមានខ្វះកន្លះអ្វីឡើយ ។ លុះបុរសត្រឡប់ពីវត្តជេតពនវិញ រកខ្ទមស្លឹកមិនឃើញ ហើយបែរជាឃើញឯប្រាសាទភ្លឺ រន្ទាលឆ្អិនឆ្អៅទៅវិញ ក៏ភ័យណាស់រត់ទៅទួលព្រះមហារោហន្ទត្ថេរ ។ ព្រះថេរៈមានពុទ្ធដីកា ថា « ចូរអ្នកឡើងទៅនៅចុះ ព្រោះជាលទ្ធផលនៃបុញ្ញកម្មរបស់អ្នកហើយ » ។
ដោយសារមានរឿងនិទានដូចនេះហើយបានជាខ្មែរយើងនិយមសិតទៀនវស្សា បូជាព្រះនៅ ពេលព្រះសង្ឃចូលព្រះវស្សា ជាប្រពៃណីតរៀងមក។
ឯកសារយោង៖ សៀវភៅកម្ពុជសុរិយា ទំព័៤៨ បោះពុម្ពឆ្នាំទី៤៩ លេខ២ ខែមេសា-ឧសភា- មិថុនា ពុទ្ធសករាជ២៥៣៩ គ្រឹស្តសករាជ១៩៩៥ ។

ខ្ញុំព្រះករុណា អាត្មាភាព មានកិត្តិយស សូមនិមន្តនិងអញ្ជើញ ព្រះករុណា ព្រះតេជព្រះគុណ និងញោមញាតិពុទ្ធបរិស័ទ ចូលរួម ចុះឈ្មោះជាសមាជិក របស់គេហទំព័រវត្តខ្មែរ ដើម្បីបានការ ចែករំលែក នូវចំណេះដឹងផ្សេង ៗ ជាពិសេស អំពីពុទ្ធឱវាទ ដ៏មានតម្លៃរកអ្វីផ្ទឹមគ្មាន ។ សូមអរព្រះគុណ សូមអរគុណ






Hosting your website on cheap price Web Hosting.
You must be logged in to post a comment.