Monasteries NEWS

វត្តសន្សំកុសល

Published by admin on July 3, 2010

តាមការដំណាលតៗគ្នាមក បានឲ្យដឹងថា ទីតាំងវត្តសន្សំកុសល កាលដើមឡើយគឺជាបឹង ធំមួយតភ្ជាប់ពីទីនេះរហូត ដល់បឹងជើងឯកប្រកប ដោយព្រៃរនាមក្រាស់។ តាមមតិរបស់ ចាស់ៗជំនាន់ នោះបានឲ្យដឹងថា បឹងនេះមានប្រភពខ្លះ ឲ្យឈ្មោះថាបឹងធំពុន។ ពាក្យថាបឹង ធំពុននេះមានដំណាលថា មានបុរសចំណាស់ម្នាក់តែងតែមកនេសាទត្រីជារៀងរាល់ថ្ងៃនៅ ក្នុងបឹងនេះ។ ពេលល្ងាច ឬក៏ព្រឹកឡើងពួកគេតែងឃើញបុរសនេសាទនេះពន់ទ្រុងដាក់ត្រី ទៅផ្ទះវិញជារៀងរាល់ពេល។ ក្មេង ចាស់ ប្រុស ស្រី តែងសួរបុរសនោះថា តើធំពន់អ្វី? ដោយសារសកម្មភាពបុរសនេសាទនេះ ពន់ទ្រុងត្រី ព្រឹកល្ងាចទៅផ្ទះវិញឆ្លងកាត់បឹងនេះ ទើបគេក៏ហៅបឹងនេះតៗគ្នាមកថា បឹងធំពុន។ មានការដំណាល ម្យ៉ាងទៀតថា ក្នុងសម័យ ដែលជប៉ុនចូលមកទីក្រុងភ្នំពេញ គេបានបោះជំរុំទ័ពនៅត្រង់វត្តទួលទំពូង សព្វថ្ងៃ។ ក្រោយ ពីការបោះជំរុំទ័ពជប៉ុនតែងបានពង្រាយទ័ពរបស់ខ្លួនដល់ទីនេះ ដើម្បីការពារមូលដ្ឋានទ័ព របស់ខ្លួននៅទួលទំពូង។ តាមការឃើញទិដ្ឋភាពនេះ មួយចំនួនគេហៅបឹងនេះថាបឹជប៉ុន ក្រោយមកទៀតក៏បាត់ឈ្មោះបឹងជប៉ុន ទៅជាបឹងទំពុនរហូតមកដល់បច្ចុប្បន្នកាលនេះ តរៀងមក។ ក្រោយមកទៀត ពុទ្ធបរិស័ទរស់នៅជុំវិញតំបន់នេះមើលឃើញទីទួល ព្រះវិហារ សព្វថ្ងៃនេះសមល្មមអាចសាងជា សាលាឆទានមួយខ្នងបានដើម្បីទុកសម្រាកធ្វើបុណ្យសុន្ទរ៍ ទាន ពួកគាត់ក៏បានកសាងសាលាឆទានមួយឡើង។ ជារៀងរាល់ថ្ងៃសីល ពួកគាត់តែងទៅ និមន្តព្រះសង្ឃមួយអង្គដែលកំពុងគង់សម្រាកព្យាបាលជំងឺនៅឯពេទ្យរុស្សី (សព្វថ្ងៃហៅ មន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត) មកឲ្យសីលជាប្រចាំនៅសាលាឆទាននេះ ពួកគាត់បានដាក់ ឈ្មោះសាលាឆទាននេះថា “សាលាឆទានសន្សំកុសល”។ សាលាឆទានសន្សំកុសលបាន កសាងឡើងនៅឆ្នាំ១៩៦១។ លុះដល់ឆ្នាំ១៩៦៤ ពុទ្ធបរិស័ទបានឯកភាពគ្នាប្រែក្លាយសាលា នេះឲ្យទៅជាវត្ត ហើយបានគិតថានឹងទៅនិមន្តព្រះតេជគុណ ប៉ុក សំអាន ដែលធ្លាប់បាន និមន្តមកឲ្យសីលឲ្យធ្វើជាអ្នកដឹកនាំ។ ពុទ្ធបរិស័ទនៅទីនេះក៏បានទៅនិមន្តព្រះអង្គអំពីស្រុក កំណើតមកឱ្យគង់នៅដឹកនាំគ្រប់គ្រងវត្ត។វត្តថ្មីដែលបានចាប់កកើតឡើងនេះ មានទំហំដី ៤០ម៉ែត្របួនជ្រុងប៉ុណ្ណោះ។ លុះក្រោយមកទៀព្រះសង្ឃ និងពុទ្ធបរិស័ទបានពង្រីកទីតាំង វត្តសព្វថ្ងៃតាមរយៈការជាវដីប្រជាជនបន្ថែម១៣០ម៉ែត្រក្រឡា។

វត្តនេះត្រូវបានដាក់ឈ្មោះ ថា វត្តសន្សំកុសល យោងតាមឈ្មោះដើមរបស់សាលាឆទាន។ នៅចន្លោះឆ្នាំ១៩៦៤ដល់ ១៩៧៥ វត្តនេះមិនមានការរីកចំរើនឡើយ គឺកសាងបានតែព្រះវិហារឈើមួយ និងកុដិឈើ មួយខ្នងតែប៉ុណ្ណោះ។ នៅចន្លោះឆ្នាំ១៩៧០ ដល់ ១៩៧៥ វត្តនេះពោរពេញទៅដោយព្រះ សង្ឃ និងប្រជាជនភៀសសឹកពីបណ្តាខេត្តមកគង់នៅជ្រកកោន។ នៅក្រោយ ខែមេសា ឆ្នាំ ១៩៧៥ ដោយប្រទេសជាតិកើតកលិយុគវឹកវរទូទាំងប្រទេស ព្រះសង្ឃនិងពុទ្ធបរិស័ទបាន ចាកចេញចោលវត្ត នេះដោយក្តីស្រណោះបំផុត។ នៅចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩ ទីវត្ត ទាំងមូលត្រូវពួក ប៉ុល ពត យកទៅប្រើប្រាស់ជាទីកន្លែងចិញ្ចឹមជ្រូក មាន់ ទា ខុសពីគោល ដៅព្រះពុទ្ធសាសនា។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ វត្តនេះនៅសល់តែខឿនព្រះ វិហារ និងកុដិឈើចាស់មួយ ទ្រុឌទ្រោមពុកផុយប្រើប្រាស់ លែងកើត។ ដោយគោលនរយោ បាយរបស់រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា ដឹកនាំដោយសម្តេចហេង សំរិន សម្តេចជា ស៊ីម សម្តេចហ៊ុន សែន វត្តនេះត្រូបានបើកឡើងវិញនៅឆ្នាំ ១៩៧៩ មុនគេក្នុងបណ្តាវត្តទាំង អស់នៅរាជធានីភ្នំពេញ។ ក្រោយការបើកឡើងវិញព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តព្រម ទាំងពុទ្ធបរិស័ទ បានសហការសាមគ្គីឯកភាព ជំរុញការកសាងវត្តពីបាតដៃទទេរហូតបាន សម្រេចលទ្ធផល ជាច្រើនគួរជាទីមោទនៈ។

 លុះដល់ខែធ្នូ ឆ្នាំ២០០៧ ក្រោមគិនិតផ្តួចផ្តើមដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា និងលោកជំទាវ ប៊ុន រានី ហ៊ុន សែន បានប្រារព្ធធ្វើបុណ្យ ចំរើនព្រះជន្មថ្វាយ សម្តេចព្រះធម្មលិខិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រ កម្ពុជា ប្រធានថេរសភាសង្ឃ ព្រះអគ្គារធិការរងនៃពុទ្ធកសិក្សាជាតិ ព្រះអនុគណខណ្ឌមាន ជ័យ និងជាព្រះចៅអធិការវត្តសន្សំកុសល។ ពេលនោះសម្តេចព្រះធម្មលិខិត លាស់ ឡាយ បានសុំបិណ្ឌបាត្រសម្តេចនាយករដ្ឋមន្រ្តី នូវព្រះវិហារមួយខ្នងមានទំហំ ១២ម៉ែត្រគុណនិង ២៣ម៉ែត្រ (12m x 23m)។ ដោយសេចក្តីជ្រះថ្លាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន និងលោកជំទាវលោកទាំងទ្វេបានថ្វាយព្រះវិហារថ្មីមួយខ្នងនោះ ដោយ បានចាត់ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាល មកជាអ្នកជំហរកសាងព្រះ វិហារឡើងតាមបែបទំនើបកម្ម ប្រកបដោយក្បូរក្បាច់រចនា គួរជាទីជ្រះថ្លាពន់ពេក និង សមិទ្ធិផលមួយចំនួនទៀតដូជា ក្រាលការ៉ូឡា និងផ្លូវចាក់បេតុតជាដើម។ បច្ចុប្បន្នវត្តសន្សំ កុសលនេះស្ថិតនៅក្នុងភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មានផ្ទៃក្រឡាសរុបចំនួន ១០៣៩៣ម៉ែត្រក្រឡា សល់ពីកាត់មួយចំណែកឲ្យសាលាបឋម សិក្សាវត្តសន្សំកុសល។

 ក្នុងវត្តមានព្រះសង្ឃសរុប១៣០អង្គកំពុងគង់នៅ (២០០៩)។ បើគិត ពីអាយុកាលវិញ រហូតមកដល់ពេល នេះវត្តសន្សំកុសល មានអាយុកាលចំនួន៤៤ឆ្នាំ ហើយ។ ឯកសារយោង (សៀវភៅពិធីបុណ្យបញ្ចុះ ខណ្ឌសីមា វត្តសន្សំកុសល)បោះពុម្ពក្នុង ពុទ្ធសករាជ២៥៥២ គ្រឹស្តសករាជ២០០៩៕៚

Readers Rating:
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...
Popularity:
42 views
Comments:
None
Toolbar:
Print This Post Print This Post add your comment add this to delicious add this to digg share this on facebook Stumble this item