Monasteries NEWS

វត្តបទុមវតីរាជវរារាម

Published by admin on July 3, 2010

 

ក្នុងរជ្ជកាលសម្តេចព្រះ មរមរាជា ពញាយ៉ាត ដែលទ្រង់ផ្លាស់ប្តូរ រាជធានី មកតាំងនៅ ចតុមុខ (ភ្នំពេញ សព្វថ្ងៃ) ជាលើកដំបូង នៅព.ស១៩៧៨ គ.ស១៤៣៤។ ក្រៅអំពីការជួស ជុលព្រះវិហារ និងកសាង ចេតិយធំ នៅលើភ្នំដូនពេញ ទ្រង់បានព្រះរាជបញ្ជាឱ្យកសាងវត្ត៦ដទៃផ្សេងទៀតមាន វត្តកោះ វត្តធម្មលង្កា វត្តព្រះពុទ្ធឃោសាចារ្យ វត្តពាមផ្លុង វត្តឧណ្ណាលោម និងវត្តខ្ពបតាយ៉ង គឺវត្តបទុមវតី សព្វថ្ងៃនេះ ។

វត្តបទុមវតីរាជវរារាម កាលពីដើមឡើយមានឈ្មោះថា វត្តខ្ពបតាយ៉ង ជាវត្តចាស់បុរាណមួយ ក្នុងចំណោមវត្តចាស់ៗទាំង៦ខាងលើនៅក្នុងទីក្រុងភ្នំពេញ ដែលមានអាយុកាលប្រមាណជា ៥៦៦ឆ្នាំ មកហើយ (គិតត្រឹមឆ្នាំ២០០៨) ដោយបានចាប់ផ្តើមកសាង នៅលើទីដីទួលមួយកន្លែង ស្ថិតនៅខាង ត្បូងព្រះបរមរាជវាំង ចម្ងាយប្រមាណ ៣០៩ម៉ែត្រ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត ព្រះចៅក្រុង កម្ពុជាធិបតី ។ វត្តខ្ពបតាយ៉ងកសាងក្នុងឆ្នាំ ច ចត្វាព.ស១៩៨៦ គ.ស១៤៤២ ដែលមានបណ្តោយ ពីលិច ទៅកើតប្រវែង ២៦០ម៉ែត្រ និងទទឹង ពីជើងទៅត្បូងប្រវែង ២០២ម៉ែត្រ ។ នៅពីមុខវត្តមានដី ទំនាប (បឹង) និងខាងត្បូងវត្ត មានខ្ពបមួយដែល អ្នកស្រុកផងទាំងឡាយតែងហៅថា ខ្ពបតាយ៉ង។ ដោយសេចក្តី ជ្រះថ្លារបស់តាយ៉ង ព្រះរាជាសព្វព្រះហរទ័យ ក៏ដាក់ឈ្មាះវត្តនោះថា វត្តខ្ពបតាយ៉ង គឺដើម្បីជាការ លើកទឹកចិត្ត និងឧបការគុណចំពោះតាយ៉ង ដែលមានសទ្ធាជ្រះថ្លាក្នុងគុណ ព្រះរតន ត្រ័យ បានបូជា ដីចំការដើម្បីកសាងវត្តព្រះពុទ្ធសាសនាថេរវាទ។

ក្នុងរជ្ជកាល សម្តេចព្រះនរោត្តម បរមរាមទេវាវតារ ទ្រង់បានបោះបង់ឧដុង្គមានជ័យ មកសាង ទីក្រុង នៅភ្នំពេញជាគ្រាទី២ ក្នុងឆ្នាំឆ្លូវ សប្តសក័ ព.ស ២៤០៨ គ.ស១៨៦៥ ។ គ្រានោះព្រះបាទសម្តេច ព្រះនរោត្តម ទ្រង់បាននិមន្តសម្តេចព្រះសុគន្ធា សង្ឃរាជាធិបតី ព្រះនាម បញ្ញាសីលោ “ ប៉ាន” គណៈ ធម្មយុត្តិកនិកាយ ពី វត្តសាលាគូ “វត្តអំពិលបី” ក្រុងឧដុង្គមានជ័យ ឱ្យមកគង់នៅវត្តខ្ពបតាយ៉ង ដែលជាវត្តបទុមវតីរាជវរារាម សព្វថ្ងៃនេះនិងទ្រង់បាននិមន្តសម្តេចព្រះសង្ឃរាជទៀង គណៈមហានិ កាយ ពីវត្តពុទ្ធប្រាង្គ ក្រុងឧដុង្គមានជ័យ ឱ្យមកគង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ។

គ្រានោះ វត្តខ្ពបតាយ៉ងដែលជាវត្តចាស់បុរាណ ពុំមានកុដិ សាលា វិហារ ដែលជាកេរ្ត៍ដំណែល ចាស់ សេសសល់ទេ ទាំងភិក្ខុ-សាមណេរ សូម្បីតែមួយអង្គក៏គ្មានដែរ។ វត្តចាស់នេះក្លាយទៅជាទីមាន ព្រៃស្បាត សុទ្ធសាធទៅវិញ ព្រោះគេបានបោះបង់ចោល ជាច្រើនរយឆ្នាំមកហើយ។ ប៉ុន្តែគេដឹងថា កន្លែងនេះជាវត្តចាស់ បុរាណ ដោយគេបានឃើញក្នុងច្បាប់ ព្រះរាជពង្សាវតាផង គេបានសង្កេតឃើញ ដីទួលមួយខ្ពស់ជាងគេ ដែលអាច សន្និដ្ឋានបានថា ជាទីព្រះវិហារផង ហើយលើដីទួល នោះមានរោង ប្រក់ស្លឹកមួយតូច នៅក្នុងរោងនោះ មានព្រះ ជីរ៍តូចមួយព្រះអង្គ មានផែនថ្មសន្លឹកសីមាមួយផ្ទាំង និងថ្មគោលមូលជាច្រើនដុំនៅទួលនោះទៀតផង។ នៅទិស ខាងកើតមុខទួលនោះមានខ្ពបតូចមួយវែង នៅទិសខាងត្បូង មានខ្ពបមួយធំ ជ្រៅដែលសពតាយ៉ង គាត់ជីក សម្រាប់យកទឹក ស្រោចដំណាំគាត់។ ឯទឹកនោះ មាននៅខួបប្រាំងវស្សា ពុំដែលរីងស្ងួចទេ ហើយថ្លាស្អាតផង អ្នកស្រុកតែងដងទឹកនោះយក ទៅប្រើប្រាស់ធម្មតាបាន។ គ្រានោះ ព្រះបាទសម្តេចព្រះនរោត្តម ទ្រង់ត្រាស់បង្គាប់ឱ្យមេការ ដឹកជញ្ជូនឈើ ព្រះរាជទ្រព្យ ពីក្រុង ឧដុង្គមានជ័យ មកសាងកុដិ សាលា វិហារនៅលើដីទួលនោះ ហើយទ្រង់ឱ្យជីកគូ “ស្នាមភ្លោះ” ខាងជើង, ខាងត្បូង, ខាងលិច និងស្តារខ្ពបចាស់ នោះឱ្យជ្រៅថែមទៀត ដើម្បីយកដីចាក់បំពេញទីខូង ព្រមទាំងពង្រីកដីទួល នោះឱ្យធំទូលាយឡើង ហើយទ្រង់ឱ្យដាំឈូក ក្នុងគូទាំងនោះ(ទាំងបីជ្រុងនៃវត្ត)។ លុះរៀបចំទីវត្តបានល្មម សមរម្យហើយ ទ្រង់ក៏ប្រារព្វ ធ្វើបុណ្យបញ្ចុះសីមា ឆ្លងព្រះវិហារ កុដិ សាលា។ ពេលនោះ ហើយ ដែលបានប្រែ នាមវត្តខ្ពបតាយ៉ងមកជា វត្តបទុមវតីរាជវរារាមវិញ ប្រែថាវត្តមាន ឈូកជារបង ដែលជាអារាម ដ៏ប្រសើរ របស់ព្រះរាជា ជាប់រហូតមកដល់សព្វថ្ងៃនេះ។

លុះមកដល់ឆ្នាំកុរ នព្វស័ក ព.ស២៤៣០ គ.ស១៨៨៧ ព្រះបាទសម្តេចព្រះនរោត្តម ទ្រង់បានចាត់ ឱ្យដាំដើមព្រះពោធិព្រឹក្ស មួយដើម នៅខាងមុខព្រះវិហារ ដែលសមន្តទូតលង្កាទ្វីប បាននាំពីលង្កា ទ្វីបមក ថ្វាយព្រះអង្គ ជាមួយនឹងព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុ។ បន្ទាប់ពីនោះមក សម្តេចព្រះសុគន្ធា សង្ឃរាជាធិបតី ទ្រង់បានចាត់ការឱ្យស្ថាបនា ព្រះមហាចេតិយមួយ នៅខាងត្បូង ព្រះវិហារ ដើម្បីបញ្ចុះ ព្រះ បរមសារីរិកធាតុ និង ព្រះអរហន្តធាតុនោះទៀត។ ព្រះមហាចេតិយនេះ មានកំពស់២ទ្រនាប់ខ្សាច់ ទៅដល់ស្វេតឆត្រ័ ៣៣ម៉ែត្រ សណ្ឋានបួន ជ្រុងស្មើ (១៧ គុណ៤ = ៦៨ម៉ែត្រ) មានចេតិយតូចជាបរិវារ អមគ្រប់ជ្រុងទាំងបួន អង្គមួយៗ កំពស់ ៦ម៉ែត្រ នៅត្រង់ចន្លោះអង្គចេតិយ តូចនីមួយៗនោះ មានប្រាង្គគ្រប់ ទាំងបួនជ្រុង រំលេចដោយក្បាច់រចនាផ្សេៗ ។ លុះដល់ឆ្នាំរកា ឯកស័ក ព.ស២៤៥២ គ.ស១៩០៩ ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ និងសម្តេចព្រះ មង្គលទេព្វាចារ្យ “ ភទ្ទគូ អៀម” ទ្រង់បានធ្វើបុណ្យបញ្ចុះព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុ នៅថ្នាក់ខាងលើ ព្រមទាំងអដ្ឋិធាតុសម្តេចព្រះសុគន្ធា សង្ឃរាជាធិបតី នៅថ្នាក់ក្រោមនេះ។ លុះដល់មក ឆ្នាំឆ្លូវ នព្វស័ក ព.ស២៤៨០ គ.ស១៩៣៧ ព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនីវង្ស និងសម្តេចព្រះមង្គល ទេព្វាចារ្យព្រះនាម “បញ្ញាទីបោ ស៊ុក” ដែលជាសម្តេចព្រះសង្ឃនាយកទី៣ ទ្រង់បានចាត់ការឱ្យរុះរើ ព្រះវិហារចាស់ចេញ ហើយសាងឡើងជាថ្មីដោយអិដ្ឋ និងស៊ីម៉ង់ត៍ជំនួសវិញ ដោយមានពុទ្ធបរិសទ័ ប្រជាពលរដ្ឋ គ្រប់ជាន់ថ្នាក់ បានចូលរួបរួម ព្រះរាជកុសលក្នុងការកសាងនោះ ជាមួយនឹងព្រះអង្គផង ។ លុះមកដល់ឆ្នាំមមី ចត្វាស័ក ព.ស២៤៨៥ គ.ស១៩៤២ ពុទ្ធបរិសទ័ទាំងឡាយ មានឯកឧត្តម ញឹក នូវ ជាប្រធាន បានស្ថាបនាសាលាបរិយត្តិមួយខ្នងដែលមានពីរជាន់ និងសាងថារៈវត្ថុផ្សេងៗ តមក ទៀតជាច្រើន មានសាលាបិណ្ឌ សាលាទីប៉ាឆា និងកំពែងវត្តជាដើម ក្នុងរជ្ជកាល ព្រះបាទសម្តេច ព្រះនរោត្តម សីហនុវរ្មន័ និងក្នុងសម័យសម្តេច ព្រះសុធម្មាធិបតី ព្រះនាម “ពុទ្ធនាគោ អ៊ុង ស្រី” ដែលជា សម្តេចព្រះសង្ឃនាយកទី៤ ។

វត្តបទុមវតីរាជវរារាម ជាវត្តធំខាងគណៈធម្មយុត្តិកនិកាយ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជា ទីគង់នៅនៃព្រះមហាថេរ ជាប្រធាននៃសង្ឃមណ្ឌលគណៈធម្មយុត្ត មានសមណស័ក្តជា សម្តេចព្រះ សង្ឃនាយក។ នៅក្នុងឆ្នាំ១៩៧៥-១៩៧៩ វត្តនេះបានក្លាយជាវត្តស្ងាត់ជ្រងំដូចវត្តឯទៀតដែរ គ្មានលឺ សូរ សម្លេងព្រះ សង្ឃស្វាធ្យាយធម៌អ្វីទៀតទេ គឺរបបកម្ពុជាប្រជាធិបតេយ្យ បានបណ្តេញព្រះសង្ឃ ឱ្យចេញ ពីវត្ត និងចាប់ព្រះ សង្ឃផ្សឹកទាំងអស់ ព្រមទាំងបានបំផ្លិញបំផ្លាញនូវសំណង់វត្តផ្សេងៗ ទូទាំងប្រទេស ។ វត្តបទុមវតីរាជវរារាមនេះ មានមហាសីមា ទំហំទទឹង៤សិន គឺ១៦០ម៉ែត្រ បណ្តោយ៥សិន គឺ២០០ ម៉ែត្រ ដែលសម្តេចព្រះសុគន្ធា សង្ឃរាជាធិបតី បញ្ញាសីលោ ប៉ាន ទ្រង់បានបញ្ចុះនៅថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំមមែ ព.ស២៤១៤ ក្នុងរជ្ជកាល សម្តេចព្រះនរោត្តម បរមរាមទេវាវតារ ដូចមានសិលាចារឹកិ ដែលតម្កល់ទុក នៅមុខព្រះវិហារវត្តបទុមវតីរាជវរារាមនោះស្រាប់។

ឆ្នាំ១៩៧៩-១៩៨៩ ក្រោយពេលថ្ងៃរំដោះមកក៏មិនទាន់មានព្រះសង្ឃមកគង់នៅដែរ មានតែកង ទព័វៀតណាមមកស្នាក់នៅទីនេះ ។ លុះដល់ឆ្នាំ១៩៨៩ ប្រមុខដឹកនាំប្រទេស មានសម្តេចអគ្គធម្ម ពោធិសាល ជា ស៊ីម ជាដើមបាន និមន្ត សម្តេចព្រះពោធិវង្ស នន្ទ ង៉ែត (បច្ចុប្បន្នជាសម្តេចព្រះមហា សុមេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះ រាជាណាចក្រកម្ពុជា) មកពីវត្តលង្កាកុសមារាម មក គង់នៅដើម្បីដឹកនាំព្រះសង្ឃ និងពុទ្ធបរិសទ្យ រហូតមក។ ចាប់តាំងពីពេលនោះមក ក៏មានព្រះសង្ឃជា ច្រើនមកគង់ស្នាក់នៅរៀនសូត្ររាប់រយអង្គ។ ដូចនេះ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះ វត្តបទុមវតីរាជវរារាម គឺជាវត្តសម្រាប់ ព្រះសង្ឃ គណៈមហានិកាយម្តងវិញ។ តែទោះជាយ៉ាងនេះ ក៏ដោយ នៅឆ្នាំ១៩៩១ ដែលព្រះវីរៈមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ បានធ្វើមាតុភូមិនិវត្តន៍ បានសុំឱ្យសម្តេចព្រះសុគន្ធាធិបតី ប៊ួរ គ្រី សម្តេចព្រះសង្ឃរាជគណៈ ធម្មយុត្តិកនិកាយ មកស្នាក់នៅ វត្តបទុមវតីដែរ តែមានចំនួនតែមួយកុដិ ប៉ុណ្ណោះ។ តែទោះជាយ៉ាងនេះក្តី ក៏គេ ចាត់ទុកវត្តនេះថាជា វត្តគណៈមហានិកាយ ពីព្រោះព្រះសង្ឃគណៈ មហានិកាយមានចំនួនជាង៤០០អង្គក្នុងមួយ ឆ្នាំៗមក ស្នាក់នៅរៀនសូត្រ ឯព្រះសង្ឃគណៈធម្មយុត្តិក និកាយវិញមានចំនួនប្រហែល២០ ឬ៣០អង្គប៉ុណ្ណោះ។

ព្រះចៅអធិការវត្តបទុមវតីរាជវរារាម

កាលពីនៅឈ្មោះ វត្តខ្ពបតាយ៉ង ក្នុងរជ្ជកាលសម្តេចព្រះបរមរាជា ពញាយ៉ាត មិនមាន ពត៌ណាមួយ បញ្ជាក់ឱ្យបានច្បាស់លាស់ថា តើមានព្រះសង្ឃប៉ុន្មានអង្គស្នាក់នៅ ? ព្រះចៅអធិការនាម អ្វីខ្លះ ? មានសមណសក្ត័ អ្វីខ្លះ ? និងមានព្រះចៅអធិការប៉ុន្មានតំណ? លុះមកដល់រជ្ជកាល សម្តេចព្រះ នរោត្តម ដែលជាតំណាក់កាលកសាងវត្តបទុមវតីលើកទី២ រហូតមក ដល់បច្ចុប្បន្នទើបមានការកត់ ត្រាច្បាស់លាស់ដូចតទៅនេះ ៖

  • សម្តេចព្រះសុគន្ធា ព្រះសង្ឃរាជាធិបតី បញ្ញាសីលោ ប៉ាន (ពុទ្ធសករាជ ២៤០៨, គ្រឹស្តសករាជ ១៨៦៥ ដល់ ពុទ្ធសករាជ ២៤៣៧, គ្រឹស្តសករាជ ១៨៩៣ )
  • សម្តេចព្រះមង្គលទេព្វាចារ្យ ភទ្ទគូ អៀម ព្រះសង្ឃនាយក(ពុទ្ធសករាជ​២៤៣៧, គ្រឹស្តសករាជ១៨៩ ដល់ ពុទ្ធសករាជ២៤៦៥ គ្រឹស្តសករាជ១៩២២ )
  • សម្តេចព្រះមង្គលទេព្វាចារ្យ បញ្ញាបទីបោ ស៊ុក ព្រះសង្ឃនាយក (ពុទ្ធសករាជ២៤៦៦, គ្រឹស្តសករាជ១៩២៣ ដល់ ពុទ្ធសករាជ២៤៨៥ គ្រឹស្តសករាជ១៩៤២ )
  • សម្តេចព្រះសុធម្មាធិបតី ពុទ្ធនាគោ អ៊ុង ស្រី ព្រះសង្ឃនាយក (ពុទ្ធសករាជ២៤៨៦, គ្រឹស្តសករាជ១៩៤២ ដល់ ព.ស២៤៩៨ គ.ស១៩៥៦ )
  • សម្តេចព្រះសុធម្មាធិបតី ឥន្ទញាណោ ភុល ទេស ព្រះសង្ឃរាជថ្នាក់ទី២ (ពុទ្ធសករាជ២៤៩៨, គ្រឹស្តសករាជ១៩៥៦ ដល់ ពុទ្ធសករាជ២៥០៩ គ្រឹស្តសករាជ១៩៦៦)។
  • សម្តេចព្រះសុធម្មាធិបតី គន្ធរោ ទេព លឿង ព្រះសង្ឃនាយក (ពុទ្ធសករាជ២៥០៩, គ្រឹស្តសករាជ១៩៦៦ ដល់ ពុទ្ធសករាជ២៥១៩ គ្រឹស្តសករាជ១៩៧៥)
  • សម្តេចព្រះសង្ឃរាជ ហ៊ី ជា ព្រះសង្ឃនាយកស្តីទី (ពុទ្ធសករាជ២៥១៩ គ្រឹស្តសករាជ១៩៧៥ មិនបានមួយ សប្តាហ៍ ផងក៏ចូលដល់របបប៉ុល ពត) ។
  • (សម្តេចព្រះសង្ឃរាជទាំង៧អង្គខាងលើ គឺជាគណៈធម្មយុត្តិកនិកាយ)

  • សម្តេចព្រះពោធិវង្ស័ បស្សទ្ធិពោជ្ឈង្គោ នន្ទ ង៉ែត ព្រះសង្ឃនាយករង គណៈមហា និកាយ (១៩៨៩-ថ្ងៃទី០៤ ឧសភា ២០០៦, ចាប់តាំងពីថ្ងៃទី០៤ ឧសភា ឆ្នាំ២០០៦ រហួត ដល់បច្ចុប្បន្ន ជាសម្តេចព្រះមហា សុមេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះរាជា ណាចក្រកម្ពុជា) ជាព្រះចៅ អធិការវត្ត ។
  • Readers Rating:
    1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
    Loading ... Loading ...
    Popularity:
    41 views
    Comments:
    None
    Toolbar:
    Print This Post Print This Post add your comment add this to delicious add this to digg share this on facebook Stumble this item